- Learning Platform
- ប្លក់
- កិច្ចប្រជុំពិគ្រោះតាមវិស័យស្តីពីផែនទីគម្របព្រៃឈើ
នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ អង្គការទិន្នន័យអំពីការអភិវឌ្ឍ បានរៀបចំកិច្ចប្រជុំពិគ្រោះតាមវិស័យស្តីពីផែនទីគម្របព្រៃឈើ ជាមួយអ្នកជំនាញជាតិនិងអន្តរជាតិ អង្គការសង្គមស៊ីវិល ព្រមទាំងគ្រឹះសា្ថនអប់រំ។ កិច្ចប្រជុំនេះផ្តោតសំខាន់ទៅការប្រើប្រាស់រីម៉ូតសិនស៊ីងក្នុងការផលិតផែនទីគម្របព្រៃឈើ និងផែនទីគម្របដី។ អូឌីស៊ីបានទទួលនូវធាតុចូលនិងមតិយោបល់ជាច្រើនដូចជា ការធ្វើសំយោគបណ្ណាល័យសាស្ត្រ វិធីសាស្ត្រ តម្រូវការ និងផែនការសកម្មភាព។
គម្រោងនេះត្រូវបានគាំទ្រមូលនិធិដោយទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) តាមរយៈអង្គការសុខភាពគ្រួសារអន្តរជាតិ (FHI 360) ក្រោមមូលនិធិសម្រាប់ចង្កោមអង្គការសង្គមស៊ីវិល ពីគម្រោងគាំទ្រអង្គការសង្គមស៊ីវិល (CSS)។



រឿងរ៉ាវផ្សេងទៀត
វគ្គបណ្តុះបណ្តាលស្តីពី “ការធ្វើទស្សនីយកម្មទិន្នន័យសម្រាប់ការបង្ហាញសាច់រឿង”
អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានរៀបចំវគ្គបណ្តុះបណ្តាលមួយស្តីពី “ការធ្វើទស្សនីយកម្មទិន្នន័យសម្រាប់ការបង្ហាញសាច់រឿង” នៅថ្ងៃទី២០-២១ និង ២៦ ខែធ្នូ ឆ្នាំ២០២២ ដោយមានអ្នកចូលរួមសរុបចំនួន ២៤នាក់ រួមមានអ្នកសារព័ត៌មាន ពលរដ្ឋអ្នកសារព័ត៌មាន យុវជនជនជាតិដើមភាគតិចដែលធ្វើការលើសារព័ត៌មាន និស្សិតផ្នែកសារព័ត៌មាន និងអង្គការសង្គមស៊ីវិល។ ជនពិការ និងអ្នកស្រលាញ់ភេទដូចគ្នាត្រូវបានលើកទឹកចិត្តឱ្យចូលរួម។ វគ្គបណ្តុះបណ្តាលនេះចែកចេញជាពីរផ្នែក។ ដំណាក់កាលដំបូងគឺការបណ្តុះបណ្តាលតាមប្រព័ន្ធអ៊ីនធឺណិតរយៈពេលពីរថ្ងៃ ដែលរួមបញ្ចូលមេរៀន និងលំហាត់។ ដំណាក់កាលទីពីរគឺជាវគ្គបណ្តុះបណ្តាលដោយផ្ទាល់រយៈពេលមួយថ្ងៃ ដែលផ្តោតលើការរំលឹកមេរៀនឡើងវិញ និងលំហាត់បញ្ចប់វគ្គ។ វគ្គបណ្តុះបណ្តាលនេះត្រូវបានផ្តល់មូលនិធិដោយដោយទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) តាមរយៈអង្គការសុខភាពគ្រួសារអន្តរជាតិ (FHI 360) ក្រោមមូលនិធិសម្រាប់ចង្កោមអង្គការសង្គមស៊ីវិល ពីគម្រោងគាំទ្រអង្គការសង្គមស៊ីវិល (CSS)។ ថ្ងៃទី១៖ ការសិក្សាស្វែងយល់អំពីទិន្នន័យ មុនចាប់ផ្តើមនៃវគ្គបណ្តុះបណ្តាល តំណាងអង្គការអូឌីស៊ីបានធ្វើសុន្ទរកថាស្វាគមន៍អំពីគម្រោង និងការណែនាំដើម្បីជួយអ្នកចូលរួមឱ្យស្គាល់គ្នាទៅវិញទៅមក។ បន្ទាប់ពីនោះ អ្នកចូលរួមបានធ្វើតេស្តមុនវគ្គបណ្តុះបណ្តាលដើម្បីវាយតម្លៃសមត្ថភាពរបស់ពួកគេ មុនពេលកម្មវិធីចាប់ផ្តើម។ លោក វង្ស ពិសិដ្ឋ ដែលជាគ្រូបង្គោលបានចាប់ផ្តើមមេរៀនស្តីពីការយល់ដឹងអំពីទិន្នន័យ ដើម្បីផ្តល់នូវការយល់ដឹងអំពីសារៈសំខាន់នៃទិន្នន័យ ប្រភេទផ្សេងគ្នានៃទិន្នន័យ និងព័ត៌មាន និងតម្លាភាពនៃទិន្នន័យបើកទូលាយ។ បន្ទាប់ពីអ្នកគ្រប់គ្នាយល់ច្បាស់អំពីទិន្នន័យ លោកក៏បានបង្ហាញពីរបៀបស្វែងរកទិន្នន័យដោយប្រើប្រាស់ឃ្លាំងទិន្នន័យ (Data Portal) និង Google advanced search។ បន្ទាប់មក អ្នកចូលរួមត្រូវធ្វើលំហាត់ដើម្បីស្វែងរកទិន្នន័យតាមតម្រូវការរបស់ពួកគេជាទម្រង់ PDF ក៏ដូចជាទិន្នន័យធនធានធម្មជាតិផ្សេងទៀតនៅលើឃ្លាំងទិន្នន័យរបស់អង្គការអូឌីស៊ី។ លោក បាន ច័ន្ទផល្លា ដែលលោកគ្រូបង្គោលម្នាក់ទៀត បានបង្ហាញនូវមេរៀនបន្ទាប់ស្តីពីស្តង់ដារទិន្នន័យ ដែលសង្កត់ធ្ងន់លើស្តង់ដារទិន្នន័យ និងរបៀបរៀបចំទិន្នន័យសម្រាប់ធ្វើទស្សនីយកម្មទិន្នន័យ។ លោកគ្រូបានណែនាំពីការបង្កើត spreadsheet ថ្មី ការបន្ថែមសន្លឹក ការបង្កើតច្បាប់ចម្លង ជួរឈរ និងជួរដេកថ្មី ការបញ្ចូលគំនូសតាង តម្រង់ និងការបង្កើតតារាង pivot នៅលើ Google Sheets ក៏ដូចជាការដាក់បញ្ជូលនូវឯកសារក្នុងទម្រង់ CSV ទៅក្នុង spreadsheet និង Microsoft Excel ។ គ្រូបណ្តុះបណ្តាលក៏បានបង្ហាញពីការសម្អាតទិន្នន័យដែលជាផ្នែកសំខាន់នៃការវិភាគទិន្នន័យ។ មេរៀននេះពន្យល់ពីមូលហេតុដែលយើងត្រូវការសម្អាតទិន្នន័យ ហើយណែនាំដល់សិក្ខាកាមក្នុងការប្រើវិធីសាស្ត្រសម្អាតទិន្នន័យ ដើម្បីធ្វើឱ្យវាអាចយល់បានដោយមានការណែនាំផ្នែកបច្ចេកទេសដូចជា កាត់ដកឃ្លា ដកស្ទួន ធ្វើទ្រង់ទ្រាយអត្ថបទ បំបែកជួរឈរ សុពលភាពទិន្នន័យ និងការស្វែងរក និងការជំនួស។ ថ្ងៃទី២៖ ការធ្វើទស្សនីយកម្មទិន្នន័យ នៅថ្ងៃទីពីរនៃការបណ្តុះបណ្តាល លោកគ្រូបង្គោលបានចំណាយពេលពីរបីនាទីដើម្បីរំលឹកមេរៀនថ្ងៃមុន មុនពេលបន្តជាមួយនឹងរបៀបវារៈរបស់ លោក សំអាន ម៉ារឌី ស្តីពីគោលការណ៍នៃទស្សនីយកម្មទិន្នន័យ។ លោកនឹងណែនាំថាតើអ្វីដែលជំរុញយើងឱ្យបង្កើតទស្សនីយកម្ម អ្វីដែលជាទស្សនីយកម្ម របៀបបង្ហាញសាច់រឿងដោយប្រើប្រាស់ទិន្នន័យ របៀបជ្រើសរើសក្រាហ្វនិងប្រភេទគំរូសតាងឱ្យបានត្រឹមត្រូវ។ បន្ទាប់មក លោក វង្ស ពិសិដ្ឋ បានបង្ហាញនូវកម្មវិធី Flourish ដល់សិក្ខាកាមទាំងអស់។ បន្ទាប់ពីនោះ សិក្ខាកាមធ្វើការលើលំហាត់អនុវត្តជាក្រុម ដើម្បីបង្កើតតារាង និងក្រាហ្វដោយប្រើប្រាស់ Flourish ។ អ្នកគ្រប់គ្នាបានធ្វើតេស្តក្រោយវគ្គបណ្តុះបណ្តាលនៅថ្ងៃទីពីរ ហើយទន្ទឹងរង់ចាំវគ្គបណ្តុះបណ្តាលដោយផ្ទាល់នៅថ្ងៃទីបី។ ថ្ងៃទី៣៖ ការអនុវត្តដោយផ្ទាល់ របៀបវារៈសម្រាប់ថ្ងៃចុងក្រោយនៃការបណ្តុះបណ្តាល គ្របដណ្តប់លើការរំលឹកមេរៀន។ គ្រប់គ្នាបានចូលរួមវគ្គបណ្តុះបណ្តាលដោយផ្ទាល់ និងបន្តមេរៀនស្តីពីការធ្វើទស្សនីយកម្មទិន្នន័យដោយប្រើប្រាស់ Flourish ។ អ្នកចូលរួមបានចាប់ផ្តើមរៀនពីរបៀបបង្កើតគំនូសតាងផែនទីចេញពីទិន្នន័យភូមិសាស្ត្រ និងរបៀបបញ្ចូលទស្សនីយកម្មទិន្នន័យទាំងនោះទៅក្នុងសាច់រឿង។ បន្ទាប់មក អ្នកចូលរួមមានឱកាសក្នុងការអនុវត្តដោយផ្ទាល់ និងបំពេញលំហាត់ដោយបង្កើតការនិទានរឿងដោយប្រើប្រាស់ទស្សនីយកម្មទិន្នន័យ។ ជាចុងក្រោយ អ្នកចូលរួមទាំងអស់ធ្វើការវាយតម្លៃវគ្គបណ្តុះបណ្តាលមុននឹងសុន្ទរកថាបិទកម្មវិធី និងផ្តល់វិញ្ញាបនបត្របញ្ចប់វគ្គបណ្តុះបណ្តាល។
- អក្ខរកម្មទិន្នន័យ
- ២៥ ខែមករា ឆ្នាំ ២០២៣
- 28
ស្ត្រីជនជាតិដើមភាគតិចស្វែងរកជំនួយ និងការគាំទ្រដោយផ្ទាល់ពីគ្រប់ភាគីពាក់ព័ន្ធនៅទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោកឆ្នាំ ២០២២
អង្គការសហប្រជាជាតិបានកំណត់ឆ្នាំ២០២២ ជាទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោកក្នុងប្រធានបទ “តួនាទីរបស់ស្ត្រីជនជាតិដើមភាគតិចក្នុងការអភិរក្ស និងផ្ទេរចំណេះដឹងប្រពៃណី”។ ប្រធានបទនេះបានទទួលស្គាល់ថាស្ត្រីមានតួនាទីយ៉ាងសំខាន់នៅក្នុងការបន្តវេន ក៏ដូចជាការរស់នៅរបស់សហគមន៍ជនជាតិដើមភាគតិច។ ជនជាតិដើមភាគតិចរស់នៅប្រទេសកម្ពុជាមានប្រមាណ ២៥០.០០០ ទៅ ៤០០.០០០ នាក់ (ស្ត្រី ៥១ ភាគរយ) ស្មើនឹង ២ ទៅ ៣ ភាគរយនៃប្រជាជនកម្ពុជា។ ក្រសួងអភិវឌ្ឍន៍ជនបទបានទទួលស្គាល់ជនជាតិដើមភាគតិចប្រមាណ ១៥៥ សហគមន៍នៅទូទាំងប្រទេស។ នៅថ្ងៃទី ០៩ ខែសីហា ឆ្នាំ២០២២ សម្ព័ន្ធជនជាតិដើមភាគតិចកម្ពុជា សហគមស្ត្រីជនជាតិដើមភាគតិចកម្ពុជា សមាគមជនជាតិដើមភាគតិចកម្ពុជា អង្គការជនជាតិដើមភាគតិចកម្ពុជា អង្គការសមាគមខ្មែរលើខេត្តរតនគិរី អង្គការថែរក្សាភាសាជនជាតិដើមភាគតិច អង្គការលើកស្ទួយវប្បធម៌កួយ ជនជាតិដើមភាគតិចដើម្បីអភិវឌ្ឍន៍កសិកម្មនៅកម្ពុជា សមាជិកសកម្មសិទ្ធិជនជាតិដើមភាគតិច និង MIPN សហការជាមួយក្លាហាន អង្គការនារីដើម្បីសន្តិភាព AIPP និងអង្គការទិន្នន័យអំពីការអភិវឌ្ឍ ដោយមានការគាំទ្រពីអង្គការសហប្រជាជាតិស្តីពីសិទ្ធមនុស្ស VOICE Diakonia ទីភ្នាក់ងារអន្តរជាតិសម្រាប់ការអភិវឌ្ឍអន្តរជាតិ និងអង្គការសុខភាពអន្តរជាតិ បានប្រារព្ធទិវាអន្តរជាតិជនជាតិដើមភាគតិចលើកទី ១៨។ អ្នកចូលរួមសរុបមានប្រមាណ ១៣៨ នាក់ ក្នុងនោះមានស្ត្រីចំនួន ៩០ នាក់។ ក្រុមជនជាតិដើមភាគតិចបានបើកកម្មវិធីដោយបានបួងសួងតាមប្រពៃណីជនជាតិដើមភាគតិច ក៏ដូចជាដាក់បង្ហាញនូវសម្ភារៈប្រពៃណី សម្លៀកបំពាក់ និងបន្លែផ្លែឈើផងដែរ។ ពិធីនេះមានការរាំរបាំ និងច្រៀងចម្រៀងប្រពៃណីជនជាតិដើមភាគតិចកួយ។ ព្រឹត្តិការណ៍នេះមិនត្រឹមតែជាការរំលឹកដល់ទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោកប៉ុណ្ណោះទេ ព្រមទាំងបង្ហាញនូវវប្បធម៌និងជំនឿរបស់ជនជាតិដើមភាគតិចផងដែរ។ តួនាទីរបស់ស្ត្រីជនជាតិដើមភាគតិចក្នុងការអភិរក្ស និងផ្ទេរចំណេះដឹងប្រពៃណី បើនិយាយពីវប្បធម៌ និងទំនៀមទម្លាប់ ជនជាតិដើមភាគតិចមានទំនាក់ទំនងខ្លាំងជាមួយធនធានធម្មជាតិ ហើយស្ត្រីជនជាតិដើមភាគតិចមានចំណេះដឹងអំពីដីធ្លី និងការអភិរក្សធនធានធម្មជាតិ។ ជនជាតិដើមភាគតិចធ្វើការបួងសួងនិងគោរពដល់ព្រលឹងអារក្សព្រៃភ្នំ។ ស្ត្រីនៅក្នុងសហគមន៍ត្រូវតែផ្ទេរចំណេះដឹងរបស់ពួកគេទៅជនជាតិដើមភាគតិចជំនាន់ក្រោយក្នុងការទទួលស្គាល់ និងថែរក្សាការពារព្រៃឈើ។ ពួកគេយល់ថាសហគមន៍ជនជាតិដើមភាគតិចត្រូវតែមានព្រៃឈើនៅក្នុងភូមិ ហើយព្រៃឈើទាំងនោះគួរតែត្រូវបានថែរក្សាដើម្បីរក្សាសន្តិសុខស្បៀង ក៏ដូចជាជំនឿលើដួងព្រលឹង។ ជនជាតិដើមភាគតិចបង្រៀនមនុស្សជំនាន់ក្រោយអំពីសារៈសំខាន់នៃព្រៃឈើ។ បច្ចុប្បន្ននេះ ជីវភាពរបស់ជនជាតិដើមភាគតិចមិនដូចមុនទេ។ ប្រសិនបើយុវជនជនជាតិដើមភាគតិចមិនចូលរួមជាមួយមនុស្សចាស់ទេ ដី ព្រៃឈើ វប្បធម៌ ជីវភាព និងភាសារបស់ពួកគេនឹងបាត់បង់កាន់តែច្រើនពីមួយជំនាន់ទៅមួយជំនាន់។ កសិកម្មរបស់ជនជាតិដើមភាគតិចមិនមែនជាកសិកម្មបំផ្លាញព្រៃឈើដូចមនុស្សមួយចំនួនបានលើកឡើងថា ជនជាតិដើមភាគតិចកាប់ព្រៃដើម្បីធ្វើកសិកម្ម។ ការបាត់បង់ព្រៃឈើមិនមែនជាកំហុសរបស់ជនជាតិដើមភាគតិចទេ តែវាកើតឡើងដោយសារគម្រោងអភិវឌ្ឍន៍ដែលឈូសឆាយដីទៅវិញនោះទេ។ សហគមន៍បានធ្វើកសិកម្មជាច្រើនឆ្នាំមកហើយ ប៉ុន្តែមិនមានការបាត់បង់ព្រៃឈើអ្វីជាធំដុំនោះឡើយ។ បញ្ហាប្រឈមរបស់ស្ត្រីជនជាតិដើមភាគតិចក្នុងការការពារដីធ្លី និងព្រៃឈើ ជនជាតិដើមភាគតិចបានបង្ហាញការខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការការពារដីធ្លី និងព្រៃឈើរបស់ពួកគេ។ ពួកគេគិតថា នេះជាកាតព្វកិច្ចរបស់ពួកគេក្នុងការការពារព្រៃឈើសម្រាប់ជីវិតរបស់ពួកគេ និងមនុស្សជំនាន់ក្រោយ ដែលពួកគេស្រឡាញ់ចេញពីបេះដូង។ វាមិនត្រឹមតែសម្រាប់ជនជាតិដើមភាគតិចប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់ប្រជាជនកម្ពុជាទាំងអស់ផងដែរ។ អ្នកដែលឈរនៅជួរមុខក្នុងការការពារដីធ្លី និងព្រៃឈើភាគច្រើនគឺជាស្ត្រី ពីព្រោះភាគច្រើននៃបុរសធ្វើតែការងារជាក់លាក់របស់ពួកគេនោះទេ។ ទោះបីជាមានអង្គការមិនមែនរដ្ឋាភិបាល អង្គការសហគមន៍ និងសហគមន៍ជនជាតិដើមភាគតិចគាំទ្រពួកគេក៏ដោយ ក៏ស្ត្រីជនជាតិដើមភាគតិចនៅតែប្រឈមមុខនឹងការលំបាក និងបញ្ហាមួយចំនួន។ គ្រួសាររបស់ពួកគេមិនលើកទឹកចិត្ត ឬគាំទ្រពួកគេឱ្យចូលរួមក្នុងសកម្មភាពទាំងនោះឡើយ ដោយសារគ្រួសាររបស់ពួកគេយល់ថា ពួកគេអាចជួបប្រទះបញ្ហាជាមួយក្រុមហ៊ុនវិនិយោគ និងរដ្ឋាភិបាលដែលអាចបង្កគ្រោះថ្នាក់ដល់ពួកគេ ឬគ្រួសារទាំងមូល។ នៅពេលមានវិវាទដីធ្លីជាមួយក្រុមហ៊ុន សហគមន៍អាចនឹងត្រូវបានធ្វើបាប និងពាក់ព័ន្ធជាមួយនឹងតុលាការ។ ជនជាតិដើមភាគតិចអះអាងថា ពួកគេទទួលបានដំណោះស្រាយ ឬការសម្រេចចិត្តពីតុលាការយ៉ាងអយុត្តិធម៌។ ឧទាហរណ៍ ពួកគេអាចត្រូវបានគេចាប់ខ្លួនដាក់ក្នុងពន្ធនាគារ ដោយសារតែពួកគេធ្វើស្រែចម្ការលើដីរបស់ពួកគេ ដែលរដ្ឋាភិបាលបានប្រគល់ដីនោះទៅឱ្យក្រុមហ៊ុនវិនិយោគដោយគ្មានការយល់ព្រមពីពួកគេ។ អាជ្ញាធរមូលដ្ឋានមិនបានចាត់វិធានការ ឬរកដំណោះស្រាយជូនពួកគេនោះទេ ហើយអាជ្ញាធរនៅតែរក្សាភាពស្ញៀមស្ងាត់។ ដូច្នេះ សហគមន៍គ្មានជម្រើសអ្វីឡើយក្រោយពីធ្វើការបួងសួងដល់ព្រលឹងរក្សាព្រៃភ្នំរបស់ពួកគេ។ សេចក្តីថ្លែងការណ៍រួមរបស់សម្ព័ន្ធជនជាតិដើមភាគតិចកម្ពុជា ស្ត្រីមានតួនាទីយ៉ាងសំខាន់នៅក្នុងសង្គមជនជាតិដើមភាគតិច ការដឹកនាំ ការគ្រប់គ្រង និងការការពារអត្តសញ្ញាណវប្បធម៌ ប្រពៃណី និងធនធានធម្មជាតិសម្រាប់ក្រុមជនជាតិដើមភាគតិច និងសហគមន៍ជនជាតិដើមភាគតិច។ ស្ត្រីជនជាតិដើមភាគតិច ដែលនាំមុខគេលើការការពារដីធ្លី និងធនធានធម្មជាតិ ជារឿយៗទទួលរងការគំរាមកំហែងពីសង្គម ការរើសអើង និងការអនុវត្តផ្លូវច្បាប់អយុត្តិធម៌ ដែលអាចបណ្តាលឱ្យមានការប្តឹងផ្តល់ ការជាប់ពន្ធនាគារ ការបំបែកគ្រួសារ ភាពក្រីក្រ កង្វះសន្តិសុខផ្ទាល់ខ្លួន និងការរឹតបន្តឹងផ្នែកច្បាប់ ឬហាមឃាត់លើសិទ្ធិដីធ្លីជាដើម។ សម្ព័ន្ធជនជាតិដើមភាគតិច ក្នុងនាមជាតំណាងសហគមន៍ជនជាតិដើមភាគតិចទាំងអស់ អំពាវនាវឱ្យស្ត្រីជនជាតិដើមភាគតិចទាំងអស់បន្តកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេដើម្បីពង្រឹងសមត្ថភាព បណ្តាញ និងសំឡេងរបស់ពួកគេនៅគ្រប់និន្នាការ និងយន្តការទាំងអស់ ដើម្បីធានាឱ្យមានការចូលរួមពេញលេញ ដឹកនាំ ថែរក្សា ផ្ទេរចំណេះដឹងប្រពៃណី និងអភិវឌ្ឍជនជាតិដើមភាគតិចប្រកបដោយនិរន្តភាពស្របតាមសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិរបស់ជនជាតិដើមភាគតិច។ សម្ព័ន្ធជនជាតិដើមភាគតិចក៏ស្វែងរកជំនួយ និងការគាំទ្រដោយផ្ទាល់ពីអង្គការជាតិ និងអន្តរជាតិ រដ្ឋាភិបាល និងតុលាការសម្រាប់ស្ត្រីជនជាតិដើមភាគតិចផងដែរ។ ជាមួយគ្នានេះ ជនជាតិដើមភាគតិច ជំរុញឱ្យក្រសួងយុត្តិធម៌ និងចៅក្រមពង្រឹងការអនុវត្តច្បាប់ និងទទួលស្គាល់សិទ្ធិផ្លូវច្បាប់ ដែលការពារសិទ្ធិជនជាតិដើមភាគតិចធានាថា ពួកគេក្នុងនាមជាជនរងគ្រោះទទួលបានការកាត់ក្តីដោយយុត្តិធម៌។
- ជនជាតិភាគតិច និងជនជាតិដើមភាគតិចដីធ្លី និងធនធានធម្មជាតិដីសមូហភាព
- ២៤ ខែសីហា ឆ្នាំ ២០២២
- 27
ទិន្នន័យបរិស្ថាន និងការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ (SEA)
រាជធានីភ្នំពេញ ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ អង្គការទិន្នន័យអំពីការអភិវឌ្ឍបានរៀបចំសិក្ខាសាលាកម្រិតបច្ចេកទេសស្តីពីទិន្នន័យបរិស្ថាន និងការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ។ សិក្ខាសាលានេះត្រូវបានគាំទ្រដោយទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) តាមរយៈអង្គការសុខភាពគ្រួសារអន្តរជាតិ (FHI 360) ក្រោមមូលនិធិសម្រាប់ចង្កោមអង្គការសង្គមស៊ីវិលពីគម្រោងគាំទ្រអង្គការសង្គមស៊ីវិល (CSS) និងមូលនិធិហេនរេចបូល (HBS) ក្រោមគម្រោងលើកកម្ពស់ការវាយតម្លៃហេតុប៉ះពាល់បរិស្ថានសម្រាប់អភិបាលកិច្ចបរិស្ថានប្រកបដោយតម្លាភាព និងឆ្លើយតបកាន់តែច្រើននៅកម្ពុជា។ សិក្ខាសាលានេះមានគោលបំណង៖ លើកកម្ពស់ការយល់ដឹងពីការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ ក្នុងចំណោមអង្គការសង្គមស៊ីវិល ពលរដ្ឋសារព័ត៌មាន ជនជាតិដើមភាគតិច និងអ្នកស្រាវជ្រាវ ពិភាក្សា និងបង្ហាញពីបច្ចុប្បន្នភាពនៃការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រនៅប្រទេសកម្ពុជា កំណត់សក្តានុពលនៃការរួមបញ្ជូលការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រនៅក្នុងការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ។ ព្រឹត្តិការណ៍នេះមានអ្នកចូលរួមចំនួន ៣២នាក់ (ស្រី ១១នាក់) មកពីក្រសួងផែនការ អង្គការមូលនិធិសកលសម្រាប់អភិរក្សធម្មជាតិ អង្គការសមាគមអភិរក្សសត្វព្រៃ អង្គការសុខភាពគ្រួសារអន្តរជាតិ អង្គការក្រៅរដ្ឋាភិបាលជាតិ និងអន្តរជាតិដទៃទៀត អង្គការសហគមន៍មូលដ្ឋាន អ្នកសារព័ត៌មាន អ្នកស្រាវជ្រាវ និងជនជាតិដើមភាគតិច។ ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ លោក ធី ទ្រី នាយកប្រតិបត្តិនៃអង្គការទិន្នន័យអំពីការអភិវឌ្ឍ និងលោក MATHEW Baird នាយកវិទ្យាស្ថានស្រាវជ្រាវអាស៊ីសម្រាប់ច្បាប់បរិស្ថាន បានលើកឡើងពីភាពខុសគ្នារវាងការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រក៏ដូចជានីតិវិធីមួយចំនួន។ ជាទូទៅ គម្រោងអភិវឌ្ឍន៍ជំរុញឱ្យមានការអភិវឌ្ឍន៍សេដ្ឋកិច្ច ប៉ុន្តែយើងមិនគួរធ្វេសប្រហែស ឬព្រងើយកន្តើយចំពោះផលប៉ះពាល់ដល់បរិស្ថាន និងសង្គមឡើយ។ ការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្ររួមបញ្ចូលការពិចារណាអំពីបរិស្ថានទៅក្នុងគោលនយោបាយ ផែនការ និងកម្មវិធី។ វាត្រូវបានប្រើប្រាស់ដើម្បីប៉ាន់ប្រមាណ និងវាយតម្លៃផលវិបាកនៃការអភិវឌ្ឍជាក់លាក់នៃនយោបាយ ផែនការ និងកម្មវិធី។ វាមានន័យថាគម្រោងអភិវឌ្ឍន៍មិនទាន់បានទទួលបានយល់ព្រមពីរាជរដ្ឋាភិបាលនៅឡើយទេ។ រដ្ឋាភិបាលនឹងសម្រេចថាតើគម្រោងនេះអាចអនុវត្ត ឬវិនិយោគនៅក្នុងតំបន់នោះបានដែរឬទេ។ ការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ គឺធ្វើឡើងមុនពេលធ្វើការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន។ ជាទូទៅការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រកើតឡើងមុនការសម្រេចចិត្តសំខាន់ៗទាំងអស់ដែលផ្តល់អត្ថប្រយោជន៍សំខាន់ៗ ដែលផ្ទុយទៅនឹងការវាយតម្លៃហេតុប៉ះពាល់បរិស្ថានដែលធ្វើឡើងបន្ទាប់ពីការសម្រេចចិត្ត។ ដើមឡើយ ការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រត្រូវបានធ្វើឡើងដើម្បីបំពេញចន្លោះខ្វះខាតរបស់ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ដោយសារតែភាពនៅមានកម្រិតរបស់វាក្នុងការធ្វើសមាហរណកម្មគោលនយោបាយបរិស្ថាននៅកម្រិតយុទ្ធសាស្ត្រ ជាពិសេសនៅកំឡុងពេលធ្វើគោលនយោបាល និងផែនការ។ សមត្ថភាពនៃការវាយតម្លៃហេតុប៉ះពាល់បរិស្ថានក្នុងការគណនាឥទ្ធិពលរបស់គម្រោងនៅមានកម្រិតនៅឡើយ។ ការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រជាដំណើរការពហុដំណាក់កាលដែលផ្តោតលើនិរន្តរភាព ប្រើវិធីសាស្ត្រសកម្មមុនចំពោះសកម្មភាពអភិវឌ្ឍន៍ទាំងអស់ ដោយកំណត់អត្តសញ្ញាណឧបសគ្គសំខាន់ៗ មុនពេលការអនុម័តចុងក្រោយ។ ការចូលរួមជាសាធារណៈគឺជាចំណុចសំខាន់ ហើយវាត្រូវតែបញ្ចូលទៅក្នុងដំណើរការទាំងការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ និងការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន។ ពួកវាបំពេញគ្នាទៅវិញទៅមក និងចាំបាច់ត្រូវមានទាំងពីរ។ លោក ធី ទ្រី ក៏បានបង្ហាញវីដេអូអំពី UNECE SEA ដែលបានបង្កើតឡើងដោយគណៈកម្មការសេដ្ឋកិច្ចរបស់អង្គការសហប្រជាជាតិសម្រាប់អឺរ៉ុប ដែលជាផ្នែកមួយនៃកម្មវិធីដែលផ្តល់មូលនិធិដោយសហភាពអឺរ៉ុប “Greening the Economies in the European Neighborhood”។ ពិធីសារនេះបង្កើតនូវនីតិវិធីច្បាស់លាស់ និងតម្លាភាពសម្រាប់ការបញ្ចូលបញ្ហាបរិស្ថាន និងសុខភាពទៅក្នុងផែនការអភិវឌ្ឍន៍ជាតិ កម្មវិធី និងច្បាប់។ ផែនការរៀបចំដែនដី និងវិធីសាស្ត្ររួមបញ្ចូលតំបន់ទេសភាព លោក សេង ទៀក នាយកប្រចាំប្រទេសនៃអង្គការមូលនិធិសកលសម្រាប់អភិរក្សធម្មជាតិ បានធ្វើបទបង្ហាញពីការអនុវត្តសំខាន់មួយដែលមានឈ្មោះថា \"ផែនការរៀបចំដែនដីខេត្តមណ្ឌលគិរី\"។ លោកបានគូសបញ្ជាក់ពីការវិភាគផ្អែកលើសេណារីយ៉ូឆ្នាំ២០៤០ សម្រាប់ខេត្ត ដោយបែងចែកជាបីសេណារីយ៉ូគឺ ការអភិរក្ស សេដ្ឋកិច្ចបៃតង និងអាជីវកម្មដូចធម្មតា។ សេណារីយ៉ូទីមួយ \"ការអភិរក្ស\" អាចរក្សាគម្របព្រៃឈើក្នុងខេត្តមណ្ឌលគិរីរហូតដល់ ៨៥ភាគរយ ដោយការពារជាចម្បងនូវព្រៃឈើទាំងអស់ក្នុង និងក្រៅតំបន់ការពារ និងការប្រើប្រាស់តំបន់មិនមែនព្រៃឈើសម្រាប់តំបន់កសិកម្ម និងអភិវឌ្ឍន៍។ សេណារីយ៉ូទីពីរ \"សេដ្ឋកិច្ចបៃតង\" ការពារតែព្រៃឈើនៅក្នុងតំបន់ការពារ ចំណែកព្រៃឈើនៅខាងក្រៅតំបន់ការពារ និងតំបន់មិនមែនព្រៃឈើត្រូវប្រើប្រាស់សម្រាប់តំបន់អភិវឌ្ឍន៍កសិកម្ម។ តាមរយៈការធ្វើដូច្នេះ គម្របព្រៃឈើអាចនៅសល់ ៥៣ភាគរយ នៅឆ្នាំ២០៤០។ សេណារីយ៉ូចុងក្រោយ \"អាជីវកម្មដូចធម្មតា\" នឹងមិនអនុវត្តការការពារព្រៃឈើទេ ហើយគម្របព្រៃឈើអាចនឹងនៅមានត្រឹមតែ ៣៤ភាគរយប៉ុណ្ណោះ។ សរុបមក សេណារីយ៉ូទីពីរគឺនឹងប្រើសម្រាប់ផែនការដែនដីសម្រាប់ខេត្តមណ្ឌលគិរី ហើយនឹងត្រូវអនុម័តក្នុងពេលឆាប់ៗនេះ។ ផែនការដែនដីគឺមានសារៈសំខាន់ណាស់ ព្រោះវាមានសក្តានុពលក្នុងការផ្តល់នូវគោលការណ៍អភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាព និងឧបករណ៍សម្រាប់ធ្វើសេចក្តីសម្រេចចិត្តដែលមានព័ត៌មាន និងដំណើរការអភិវឌ្ឍន៍ភូមិសាស្ត្រ ដើម្បីលើកកម្ពស់ការអភិវឌ្ឍដែនដីប្រកបដោយតុល្យភាព។ ការធ្វើផែនការអាចធ្វើឡើងដោយអនុវត្តតាមជំហានសំខាន់ៗ រួមទាំងការបង្កើតវេទិកាពហុភាគី ការបង្កើនការយល់ដឹងរួមគ្នា ការធ្វើផែនការសហការ ការអនុវត្ត ការត្រួតពិនិត្យសម្រាប់ការគ្រប់គ្រងការសម្របខ្លួន និងគណនេយ្យភាព និងការរៀបចំបរិបទ។ សក្តានុពលនៃការរួមបញ្ចូលការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ និងឥទ្ធិពលរបស់វាលើការគ្រប់គ្រងធនធានធម្មជាតិ ឯកឧត្តម ណោ វ៉ាន់ឌី ប្រធាននាយកដ្ឋានស្ថិតិសេដ្ឋកិច្ច នៃវិទ្យាស្ថានជាតិស្ថិតិរបស់ក្រសួងផែនការ និងលោក សាន វណ្ណរិទ្ធិ ប្រធាននាយកដ្ឋានផែនការវិនិយោគ នៃក្រសួងផែនការ បានលើកឡើងពីរបៀបដែលក្រសួងកំណត់បញ្ហាបរិស្ថាន និងទិន្នន័យបរិស្ថាននៅក្នុងផែនការអភិវឌ្ឍ។ ការដាក់បញ្ចូលបញ្ហាបរិស្ថាននៅក្នុងផែនការអភិវឌ្ឍគឺជាដំណាក់កាលដំបូង ហើយប្រទេសទាំងអស់គួរតែធ្វើវា។ បញ្ហាបរិស្ថានគួរតែត្រូវបានដាក់បញ្ចូលនៅក្នុងផែនការអភិវឌ្ឍរយៈពេលវែង និងមធ្យម ដូចជា ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងផែនការអភិវឌ្ឍន៍តាមវិស័យ។ គេសង្កេតឃើញថាការដាក់បញ្ចូលបញ្ហាបរិស្ថានក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ (២០១៤-២០១៨) កន្លងមកមានតិចតួចតែប៉ុនណ្ណោះ ហើយបញ្ហានេះមិនទទួលបានការយកចិត្តទុកដាក់ខ្លាំងនោះទេ។ រដ្ឋាភិបាលបានគិតគូរ និងបន្ថែមបញ្ហាបរិស្ថានបន្ថែមទៀតក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិថ្មី (២០១៩-២០២៣)។ យ៉ាងណាមិញ ជំពូកទី៤ (៤.៤២) នៃផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ក៏បានរំលេចពី \"ការលើកកម្ពស់ការរួមបញ្ចូលការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រនៅក្នុងដំណើរការធ្វើសេចក្តីសម្រេចចិត្ត គោលនយោបាយ ផែនការ និងឯកសារច្បាប់ ដើម្បីធានានិរន្តរភាពនៃបរិស្ថាន និងធនធានធម្មជាតិ។\"
- ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន (EIA)ដីធ្លី និងធនធានធម្មជាតិ
- ៨ ខែធ្នូ ឆ្នាំ ២០២២
- 28