- Learning Platform
- ប្លក់
- សក្ខីកម្ម៖ ចំណាប់អារម្មណ៍យុវតីជនជាតិដើមភាគតិច និងពលរដ្ឋអ្នកសារព័ត៌មានវ័យក្មេងរបស់យើងចំពោះវគ្គបណ្តុះបណ្តាលស្តីពី ការរាយការណ៍ព័ត៌មានដោយប្រើប្រាស់ទូរស័ព្ទដៃ
តើលោកអ្នកចង់ដឹងទេថា យុវតីជនជាតិដើមភាគតិច និងពលរដ្ឋអ្នកសារព័ត៌មានវ័យក្មេងរបស់យើងយល់យ៉ាងណាចំពោះវគ្គបណ្តុះបណ្តាលស្តីពី ការរាយការណ៍ព័ត៌មានដោយប្រើប្រាស់ទូរស័ព្ទដៃ? តោះ! យើងទៅមើលសក្ខីកម្មរបស់គាត់ទាំងអស់គ្នា!
សកម្មភាពនេះស្ថិតនៅក្រោមមូលនិធិសម្រាប់ចង្កោមអង្គការសង្គមស៊ីវិល ពីគម្រោងគាំទ្រអង្គការសង្គមស៊ីវិល ដែលគាំទ្រមូលនិធិដោយទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) តាមរយៈអង្គការសុខភាពគ្រួសារអន្តរជាតិ (FHI 360)។
រឿងរ៉ាវផ្សេងទៀត
អភិបាលកិច្ចដីធ្លី និងធនធានធម្មជាតិ
អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) ក្រោមមូលនិធិសម្រាប់ចង្កោមអង្គការសង្គមស៊ីវិល ពីគម្រោងគាំទ្រអង្គការសង្គមស៊ីវិល ដែលគាំទ្រមូលនិធិដោយទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) តាមរយៈអង្គការសុខភាពគ្រួសារអន្តរជាតិ (FHI 360) បានគាំទ្រជនជាតិដើមភាគតិចចូលរួមក្នុងសន្និសីទស្តីពីអភិបាលកិច្ចដីធ្លី និងធនធានធម្មជាតិដែលបានរៀបចំដោយវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា នៅខេត្តរតនគិរី នាថ្ងៃទី១២-១៣ ខែតុលា ឆ្នាំ២០២២។ សន្និសីទនេះមានគោលបំណងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជំរុញច្បាប់ និងគោលនយោបាយទាក់ទងនឹងដីធ្លី រួមទាំងធនធានធម្មជាតិ និងពង្រឹងការអនុវត្តគោលនយោបាយ ច្បាប់ និងបទប្បញ្ញត្តិដែលសំដៅការលើកកម្ពស់អភិបាលកិច្ចដីធ្លី និងធនធានធម្មជាតិ ដោយផ្តោតលើការដោះស្រាយផលប៉ះពាល់សង្គម និងការការពារធនធានធម្មជាតិ និងបរិស្ថាន ព្រមទាំងជីវភាពរស់នៅប្រកបដោយចីរភាពរបស់សហគមន៍មូលដ្ឋាន។ កម្មវិធីនៃសន្និសីទនេះបែងចែកជាពីរដំណាក់កាល ដោយដំបូងគឺមានការចាប់ផ្ដើមប្រមូលមតិយោបល់ពីសហគមន៍មូលដ្ឋានជាងមួយរយសហគមន៍ជនជាតិដើមភាគតិច សហគមន៍តំបន់ការពារ សហគមន៍ព្រៃឈើ និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក។ ធាតុចូលដែលទទួលបានគឺត្រូវបានយកមកប្រើប្រាស់សម្រាប់កិច្ចពិភាក្សាជាមួយតំណាងខេត្តរតនគិរី ស្ទឹងត្រែង ក្រចេះ ព្រះវិហារ មណ្ឌលគិរី និងកំពង់ធំ ក្រសួងមហាផ្ទៃ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ទីរបរិស្ថាន មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មន្ទីរអភិវឌ្ឍន៍ជនបទ មន្ទីររ៉ែ និងថាមពល និងវិស័យឯកជន។ នៅថ្ងៃទីពីរមានអ្នកចូលរួមសរុបចំនួន ២៥០នាក់ (ស្រី ៦០នាក់)។ អភិបាលកិច្ចដីធ្លី និងធនធានធម្មជាតិ ក្នុងខេត្តរតនគិរី ដីសម្បទានសេដ្ឋកិច្ចក្នុងខេត្តត្រូវបានផ្តល់ឲ្យក្រុមហ៊ុនចំនួន ២៧ ក្នុងនោះក្រុមហ៊ុនចំនួន ១០ បានកែតម្រូវកិច្ចសន្យា និងក្រុមហ៊ុនចំនួន ០៦ កំពុងធ្វើការកែសម្រួល ហើយក្រុមហ៊ុនចំនួន ១១ ផ្សេងទៀតមិនទាន់បានចុះហត្ថលេខាលើកិច្ចសន្យានៅឡើយទេ។ តំបន់អាជីវកម្មគឺមានទំហំ ៨៣.៧៨៥ហិកតា ដែលមានផ្ទៃដីវិនិយោគសរុប ១៨១.៨៩៦ហិកតា។ ផ្ទៃដីដែលត្រូវបានឈូសឆាយមានចំនួន ៥៦.៧០២ហិកតា និងផ្ទៃដីដាំដុះមានចំនួន ៥១.០៦៧ហិកតា។ សហគមន៍ជនជាតិដើមភាគតិចចំនួន ៧៥ ត្រូវបានទទួលស្គាល់ដោយក្រសួងអភិវឌ្ឍន៍ជនបទ ខណៈដែលសហគមន៍ចំនួន ៨៥ ត្រូវបានទទួលស្គាល់ជានីតិបុគ្គលដោយក្រសួងមហាផ្ទៃ។ ទោះយ៉ាងណាក៏ដោយ មានសហគមន៍ជនជាតិដើមភាគតិចចំនួន ២៤ ប៉ុណ្ណោះដែលទទួលបានប័ណ្ណកម្មសិទ្ធដីធ្លីសហគមន៍ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ការចុះបញ្ជីដីធ្លីជាប្រព័ន្ធសម្រេចបាន ១៥.៦៩១ប័ណ្ណ ដែលស្មើនឹង ១០.៧៤១គ្រួសារ។ ភូមិចំនួនពីរបានបញ្ចប់ការប្រកាសជាសាធារណៈ ខណៈភូមិមួយផ្សេងទៀតកំពុងស្ថិតក្នុងដំណើរការ។ ការប្រកាសជាសាធារណៈចំនួនពីរដងស្តីពីការផ្តល់ប័ណ្ណកម្មសិទ្ធិដីសហគមន៍ត្រូវបានបញ្ចប់ហើយស្នើសុំឱ្យមានការបែងចែកឡើងវិញសម្រាប់សហគមន៍ចំនួនបី។ សហគមន៍ការពារមានចំនួន ១១ និងសហគមន៍ព្រៃឈើចំនួន ៣៦ ដែលក្នុងនោះមាន ២២សហគមន៍ ត្រូវបានចុះបញ្ជីនៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ សហគមន៍នេសាទមានចំនួន ១៤ ហើយសុទ្ធតែត្រូវបានទទួលស្គាល់ខណៈដែលមានសហគមន៍ថ្មីចំនួន ២ កំពុងត្រូវបានបង្កើតឡើង។ ការទទួលស្គាល់ និងការការពារសិទ្ធិកាន់កាប់ដីធ្លីតាមទំនៀមទម្លាប់ សហគមន៍ និងអង្គការសង្គមស៊ីវិលបានកំណត់បញ្ហាប្រឈមសំខាន់ៗក្នុងការទទួលស្គាល់ និងការការពារសិទ្ធិកាន់កាប់ដីធ្លីតាមទំនៀមទម្លាប់។ ដីដែលបានទទួលប័ណ្ណកម្មសិទ្ធិ ឬកំពុងដំណើរការមិនទាន់មានធានាសុវត្ថិភាពនៅឡើយ ខណៈដែលដំណើរការមានភាពស្មុគស្មាញ ត្រូវចំណាយពេលវេលា និងលុយកាក់ជាដើម។ ការធ្វើអនុបយោគដីដែលបានអនុម័តមិនត្រូវគ្នាទៅនឹងការអនុវត្តជាក់ស្តែង ហើយពេលខ្លះត្រួតលើគ្នាជាមួយតំបន់ការពារ ពីព្រោះតំបន់គ្រប់គ្រងមិនត្រូវបានបែងចែកច្បាស់លាស់។ ទោះបីជាដីទាំងនេះត្រូវបានចុះបញ្ជីក៏ដោយ ក៏ជនជាតិដើមភាគតិចនៅតែប្រឈមនឹងការរំលោភយកដី និងការកាប់បំផ្លាញព្រៃឈើ។ យោងទៅតាមសហគមន៍ ការបង្ក្រាបបទល្មើសព្រៃឈើនៅមានកម្រិត និងគ្មានប្រសិទ្ធភាព។ សមត្ថភាព និងចំណេះដឹងរបស់គណៈកម្មាធិការសហគមន៍នៅមានកម្រិត ហើយចាំបាច់ត្រូវពង្រីកចំណេះដឹងពួកគេទៅលើផ្នែកច្បាប់ និងបទបញ្ជាផ្ទៃក្នុង ខណៈដែលជីវភាពរស់នៅរបស់សហគមន៍ និងការអភិរក្សធនធានធម្មជាតិត្រូវតែធ្វើឱ្យប្រសើរឡើង។ ដើម្បីដោះស្រាយបញ្ហានេះ សហគមន៍ចង់ឃើញការសហការគ្នារវាងសហគមន៍ និងអាជ្ញាធរមូលដ្ឋានឱ្យមានប្រសិទ្ធិភាព ដើម្បីពង្រឹងការអនុវត្តច្បាប់ ដោយមានការគាំទ្រពីរដ្ឋបាលស្រុក និងខេត្ត។ បណ្តាញសហគមន៍ព្រៃឈើគួរតែត្រូវបានបង្កើតឡើងពីថ្នាក់ជាតិរហូតដល់ថ្នាក់ឃុំ។ ដំណើរការនៃការផ្តល់ប័ណ្ណកម្មសិទ្ធិដីសហគមន៍គួរតែត្រូវបានកែលម្អ ហើយរដ្ឋាភិបាលគួរតែផ្តល់ថវិកាប្រចាំឆ្នាំសម្រាប់សហគមន៍នីមួយៗដើម្បីគ្រប់គ្រងដីធ្លី និងព្រៃឈើ រួមទាំងជួយលើកកម្ពស់កម្រិតជីវភាពរបស់ពួកគេផងដែរ។ ថវិកាអាចត្រូវបានប្រើប្រាស់ជាប្រាក់កម្ចីសហគមន៍សម្រាប់សមាជិកនីមួយៗ។ ទោះបីយ៉ាងណាក៏ដោយ លទ្ធផលនៃសំណើទាំងនេះនៅមិនអាចបញ្ជាក់បានទេ។
- ជនជាតិភាគតិច និងជនជាតិដើមភាគតិចដីធ្លី និងធនធានធម្មជាតិដីសមូហភាព
- ១៧ ខែវិច្ឆិកា ឆ្នាំ ២០២២
- 10
កិច្ចប្រជុំពិគ្រោះតាមវិស័យស្តីពីផែនទីគម្របព្រៃឈើ
នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ អង្គការទិន្នន័យអំពីការអភិវឌ្ឍ បានរៀបចំកិច្ចប្រជុំពិគ្រោះតាមវិស័យស្តីពីផែនទីគម្របព្រៃឈើ ជាមួយអ្នកជំនាញជាតិនិងអន្តរជាតិ អង្គការសង្គមស៊ីវិល ព្រមទាំងគ្រឹះសា្ថនអប់រំ។ កិច្ចប្រជុំនេះផ្តោតសំខាន់ទៅការប្រើប្រាស់រីម៉ូតសិនស៊ីងក្នុងការផលិតផែនទីគម្របព្រៃឈើ និងផែនទីគម្របដី។ អូឌីស៊ីបានទទួលនូវធាតុចូលនិងមតិយោបល់ជាច្រើនដូចជា ការធ្វើសំយោគបណ្ណាល័យសាស្ត្រ វិធីសាស្ត្រ តម្រូវការ និងផែនការសកម្មភាព។ គម្រោងនេះត្រូវបានគាំទ្រមូលនិធិដោយទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) តាមរយៈអង្គការសុខភាពគ្រួសារអន្តរជាតិ (FHI 360) ក្រោមមូលនិធិសម្រាប់ចង្កោមអង្គការសង្គមស៊ីវិល ពីគម្រោងគាំទ្រអង្គការសង្គមស៊ីវិល (CSS)។
- ព្រៃឈើ និងរុក្ខាប្រមាញ់
- ៣០ ខែសីហា ឆ្នាំ ២០២២
- 9
កិច្ចប្រជុំចង្កោមអង្គការសង្គមស៊ីវិលលើកទី២
កិច្ចប្រជុំចង្កោមអង្គការសង្គមស៊ីវិលលើកទី២ បានធ្វើឡើងនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ ស្ថិតនៅការិយាល័យអង្គការសុខភាពអន្តរជាតិដែលមានអ្នកចូលរួមប្រមាណ ២៥នាក់ (ស្រី ៦នាក់)។ កិច្ចប្រជុំនេះបានប្រមូលផ្តុំនូវអ្នកចូលរួមដែលមកពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងមហាផ្ទៃ អង្គការសង្គមស៊ីវិល អង្គការសហគមន៍មូលដ្ឋាន ក្រុមប្រព័ន្ធផ្សព្វផ្សាយ និងអ្នកតំណាងជនជាតិដើមភាគតិចដែលមកពីខេត្តព្រះវិហារ រតនគិរី និងមណ្ឌលគិរី។ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានរៀបចំកិច្ចប្រជុំនេះឡើងដោយមានការគាំទ្រមូលនិធិពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ តាមរយៈអង្គការសុខភាពគ្រួសារអន្តរជាតិ ដែលជាផ្នែកមួយនៃមូលនិធិសម្រាប់ចង្កោមអង្គការសង្គមស៊ីវិល ពីគម្រោងគាំទ្រអង្គការសង្គមស៊ីវិល។ អូឌីស៊ីអនុវត្តគម្រោងនេះដោយមានការសហការជាមួយសមាជិកចង្កោមអង្គការសង្គមស៊ីវិលចំនួន ៣ គឺ ខេមបូចា អង្គការអភិរក្សភាសាជនជាតិដើមភាគតិច និងអេកូយុវទូត។ គម្រោងនេះមានគោលបំណងធ្វើឱ្យការគ្រប់គ្រងធនធានធម្មជាតិកាន់តែមាននិរន្តរភាព ដោយឆ្លុះបញ្ចាំងតម្រូវការ និងកង្វល់របស់ជនជាតិដើមភាគតិច។ អូឌីស៊ីបានរៀបចំកិច្ចប្រជុំដំបូងរបស់ចង្កោមអង្គការសង្គមស៊ីវិលនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ ដែលមានការចូលរួមពីចង្កោមអង្គការសង្គមស៊ីវិល និងដៃគូរពាក់ព័ន្ធដើម្បីកសាងបណ្តាញ រៀនសូត្រពីគ្នា គូសផែនទីយុទ្ធសាស្ត្រសំខាន់ៗ និងបោះជំហានលើសកម្មភាពបន្ថែមទៀតលើការតស៊ូមតិស្តីពីការគ្រប់គ្រងធនធានធម្មជាតិនៅកម្ពុជា។ នៅក្នុងកិច្ចប្រជុំលើកនេះ យើងនឹងធ្វើបច្ចុប្បន្នភាពនៃការចុះបញ្ជីដីសមូហភាពជនជាតិដើមភាគតិចនៅកម្ពុជាដែលជាប្រធានបទដ៏មានសារៈសំខាន់ និងចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ដៃគូរពាក់ព័ន្ធ។ កិច្ចប្រជុំនេះមានគោលបំណងដូចជា៖ បង្កើតបរិយាកាសសម្រាប់បណ្តាញដើម្បីរៀនសូត្រ និងចែករំលែក បង្ហាញបច្ចុប្បន្នភាពការចុះបញ្ជីដីសមូហភាពជនជាតិដើមភាគតិច លើកទឹកចិត្តចង្កោមអង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធចូលរួមសហការជាមួយគ្នា។ តំណាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងមហាផ្ទៃបានចែករំលែកព័ត៌មានថ្មីៗស្តីពី ការផ្តល់ប័ណ្ណកម្មសិទ្ធិដីសមូហភាពជនជាតិដើមភាគតិច។ បច្ចុប្បន្ននេះ សហគមន៍ជនជាតិដើមភាគតិចចំនួន ១៥២ បានចុះបញ្ជីជានីតិបុគ្គលជាមួយក្រសួងមហាផ្ទៃ ខណៈដែលសហគមន៍ចំនួន ៩៤ បានស្នើសុំប័ណ្ណកម្មសិទ្ធិដីធ្លីសមូហភាពជនជាតិដើមភាគតិចពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ដោយឡែក សហគមន៍ប្រមាណ ២៦ បានផ្អាកក្នុងការចុះបញ្ជីដីសមូហភាពដោយសារបញ្ហាប្រឈម និងឧបសគ្គផ្សេងៗ។ ជនជាតិដើមភាគតិចមួយចំនួនប្រហែលជាចង់បានកម្មសិទ្ធិដីឯកជនដែលអាចលក់ ឬប្រើប្រាស់ដើម្បីទទួលកម្ចីពីមីក្រូហិរញ្ញវត្ថុបាន។ ក្នុងករណីខ្លះទៀត ដីដែលបានស្នើសុំត្រួតស៊ីគ្នាជាមួយតំបន់ការពារធម្មជាតិ និងគម្របព្រៃឈើឆ្នាំ២០០២ ដែលគ្រប់គ្រងដោយក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ បច្ចុប្បន្ន សហគមន៍ជនជាតិដើមភាគតិចចំនួន ៣៨ ក្នុងខេត្តចំនួនបួនបានទទួលប័ណ្ណកម្មសិទ្ធិដីសមូហភាពជនជាតិដើមភាគតិចដែលស្មើនឹងផ្ទៃដីសរុបប្រមាណ ៣៩.៣៤២ហិកតា ដែលស្ថិតនៅខេត្តស្ទឹងត្រែងចំនួន ២ សហគមន៍ ខេត្តក្រចេះចំនួន ៤ សហគមន៍ ខេត្តមណ្ឌលគិរីចំនួន ៧ សហគមន៍ និងខេត្តរតនគិរីចំនួន ២៥ សហគមន៍។ សហគមន៍ចំនួនពីរទៀតត្រូវបានគេរំពឹងថានឹងទទួលបានប័ណ្ណកម្មសិទ្ធិដីសមូហភាពនៅខែមករាឆ្នាំ២០២៣ នេះ។ កិច្ចប្រជុំនេះក៏បានពិភាក្សាអំពីបញ្ហាប្រឈមនៃការធ្វើប័ណ្ណកម្មសិទ្ធិដីសមូហភាពជនជាតិដើមភាគតិចផងដែរ។ អ្នកចូលរួមទាំងអស់មានឱកាសសួរនាំក្រសួង និងសុំយោបល់ដើម្បីដោះស្រាយបញ្ហាដីសហគមន៍របស់ខ្លួន។ ដំណើរការនៃការចុះបញ្ជីដីសមូហភាពជនជាតិដើមភាគតិចមានភាពស្មុគស្មាញ និងចំណាយពេលច្រើន។ ប័ណ្ណកម្មសិទ្ធិជួនកាលមិនអាចចេញបានទេ ហើយត្រូវផ្អាកដោយសារបញ្ហាប្រឈមជាច្រើន។ សហគមន៍តែងតែជួបការលំបាកក្នុងការទទួលបានប័ណ្ណកម្មសិទ្ធិដីសមូហភាពបើសិនជាគ្មានការគាំទ្រពីអង្គការសង្គមស៊ីវិល និងអង្គការសហគមន៍មូលដ្ឋាននោះទេ ព្រោះកម្រិតនៃចំណេះដឹងរបស់ពួកគាត់អំពីភាសាខ្មែរ ច្បាប់ និងនីតិវិធីនៃការចុះបញ្ជីនៅមានកម្រិតនៅឡើយ។ ក្នុងករណីខ្លះ ជនជាតិដើមភាគតិចមិនបានយល់ដឹងអំពីអត្ថប្រយោជន៍នៃប័ណ្ណកម្មសិទ្ធិដីសមូហភាពជនជាតិដើមភាគតិចនោះទេ។ សមាជិកសហគមន៍មួយចំនួនអាចមើលឃើញអត្ថប្រយោជន៍ផ្ទាល់ខ្លួនហើយចង់ដកខ្លួនចេញពីប័ណ្ណកម្មសិទ្ធដីសមូហភាព។ វាមានន័យថាពួកគេចង់បានប័ណ្ណកម្មសិទ្ធិដីឯកជនរបស់ខ្លួន។ ពេលខ្លះអាជ្ញាធរមូលដ្ឋានមិនមានការជំរុញ និងសហការជាមួយសហគមន៍ជនជាតិដើមភាគតិចទាក់ទងនឹងនីតិវិធីនៃការធ្វើប័ណ្ណកម្មសិទ្ធិដី ទោះបីជាក្រសួងកំពុងព្យាយាមពន្លឿនការចុះបញ្ជីដីសមូហភាពក៏ដោយ។ ក្នុងករណីជាច្រើន សហគមន៍បដិសេធមិនទទួលយកដីដែលរដ្ឋាភិបាលមានឆន្ទៈផ្តល់ឱ្យនោះឡើយ។ បន្ទាប់ពីកិច្ចពិភាក្សាដែលមានការចូលរួម សហគមន៍ជនជាតិដើមភាគតិចត្រូវបានលើកទឹកចិត្តឱ្យចងក្រងឯកសារអំពីបញ្ហាទាក់ទងនឹងការផ្តល់ប័ណ្ណកម្មសិទ្ធិដីសមូហភាពជនជាតិដើមភាគតិចហើយរាយការណ៍ជូនក្រុមការងារចំពោះកិច្ច។ អង្គការអូឌីស៊ីនឹងបន្តធ្វើជាអ្នករៀបចំកិច្ចប្រជុំចង្កោមអង្គការសង្គមស៊ីវិលប្រចាំត្រីមាសជាមួយសមាជិក និងចង្កោមអង្គការសង្គមស៊ីវិល ដើម្បីចែករំលែកមេរៀន ព័ត៌មាន និងបញ្ហាអាទិភាពលើការគ្រប់គ្រងធនធានធម្មជាតិ បរិស្ថាន ព្រៃឈើ ដីធ្លី ជនជាតិដើមភាគតិច ការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ និងការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន។
- ជនជាតិភាគតិច និងជនជាតិដើមភាគតិចដីសមូហភាព
- ២៧ ខែធ្នូ ឆ្នាំ ២០២២
- 10